ប្រសាសន៍របស់នាយិកា
លោកស្រី ផង់ ពុទ្ធី
នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
ចាប់ពីខែតុលា ឆ្នាំ១៩៩៨ ដល់ ខែមិនា
ឆ្នាំ២០១៤
នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ចាប់ពីថ្ងៃទី១៧
ខែមិនា ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន
ជូនចំពោះសិក្ខាកាម សិស្ស និស្សិតទាំងអស់ជាទីសេ្នហា
សូមស្វាគមន៍ការមកកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប(RPITSSR)ដែលជាគ្រឹ:ស្ថានអប់រំបណ្តុះបណ្តាល ឈានមុខមួយក្នុងចំណោមគ្រឹ:ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងខេត្តសៀមរាប
។ ពីចុងឆ្នាំ១៩៩៣ ដល់ ខែមិនា ឆ្នាំ២០១៤ មានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
ដែលបង្កើតឡើងជាផ្លូវការដោយប្រកាសលេខ៣៦២ អយក.ប្រក.ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០០ របស់ក្រសួងអប់រំ យុវជន និងកីឡា
។បច្ចុប្បន្ននេះមជ្ឈមណ្ឌលបានប្រែក្លាយទៅជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ
ដោយអនុក្រិត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា
ឆ្នាំ២០១៤ ។ យោងទៅលើបទពិសោធន៍ការងារក្នុងរយៈពេលដ៍យូរដោយចាប់ពីចុងឆ្នាំ១៩៩៣
មកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានមានការអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកគ្រូបច្ចេកទេស
ទាំងក្នុង និងក្រៅប្រទេស ។ វិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលទាំងរយៈពេលខ្លី(ក្រោមមួយឆ្នាំ)
និងរយៈពេលវែង(១ឆ្នាំ ដល់ ៤ឆ្នាំ) លើមុខជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ
មានដូចជាៈជំនាញអគ្គិសនី បរិក្ខារត្រជាក់ ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
ជួសជុលប្រពន្ធ័ភ្លើងរថយន្ត សេវាកម្មកុំព្យូទ័រ សេវាកម្មផ្នែកលក់
ជំនាញបដិសណ្ឋារកិច្ច ធ្វើម្ហូប កាត់ដេរ បច្ចេកទេសក្រោយប្រមូលផល និងកែច្នៃចំណីអាហារ
កម្មវិធីស្ពានចម្លងបន្ត និងជំនាញកសិកម្ម ដែលអនុវត្តតាមក្របខណ្ឌ័គុណវុឌ្ឍិជាតិកម្ពុជា
តាមរយៈការបណ្តុះ បណ្តាលនៅសហគមន៍ ការបណ្តុះបណ្តាលនៅសហគ្រាស
និងការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលដែលបានមកពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ
អ្នកគ្រូ ក្រុមការងារបច្ចេកទេស ដើម្បីពង្រឹង និងបង្កើនគុណភាពអប់រំ បណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ក្រោយបញ្ចប់វគ្គបណ្តុះ បណ្តាលជំនាញបច្ចេកទេស សិក្ខាកាម សិស្ស
និស្សិត ត្រូវបានទទួលការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងជំនាញទន់(Soft
Skills) និង ចុះធ្វើកម្មសិក្សា(ហាត់ការ) តាមរយៈមន្រ្តីជួយរកការងារឱ្យធ្វើ
ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន មានសណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសជាដើម។
គោលបំណងរបស់វិទ្យាស្ថានគឺផ្តល់នូវការអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈដែលមានគុណភាពខ្ពស់ សុជីវធម៌ និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាម
សិស្ស និស្សិតដើម្បីតម្រង់ទិសពួកគេឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
។ អាទិភាពដំបូងរបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍន៍ គឺការផ្តល់នូវការបំពាក់ឧបករណ៍សម្ភារៈទំនើបកម្មក្នុងបន្ទប់ពិសោធន៍
រោងជាង កម្មវិធីសិក្សាសមស្របតាមតម្រូវការទីផ្សារ ព្រមទាំងមានបំពាក់នូវប្រពន្ធ៍
Internet ដើម្បីងាយស្រួលដល់ការស្រាវជ្រាវរបស់មន្រ្តី
សាស្រ្តាចារ្យ បុគ្គលិក និងសិក្ខាកាម សិស្ស និស្សិត ។
តាងនាមឱ្យគណៈគ្រប់គ្រង មន្រ្តី
សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
នាងខ្ញុំសូមស្វាគមន៍នូវរាល់ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងក្នុងការកសាងប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់កម្រិត
សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាឱ្យបានរឹងមាំ ។
ជំនាញកាន់តែខ្ពស់ ប្រាក់ចំណូលកាន់តែប្រសើរ
BETTER SKILL BETTER INCOME
ជំនាញសម្រាប់យុវជន
SKILL FOR YOUTH
No comments:
New comments are not allowed.